Wednesday, June 12, 2019

បច្ចេកទេសនៃការចិញ្ចឹមត្រីអណ្តែងក្នុងអាង

ការចិញ្ចឹមត្រីអណ្តែងក្នុងអាង


ប្រភេទពូជត្រីអណ្តែង
ត្រីអណ្ដែងមានពូជច្រើនប្រភេទរួមមាន ត្រីអណ្ដែងទន់ ត្រីអណ្ដែងរឹង ត្រីអណ្ដែងកូនកាត់ ត្រីអណ្ដែងងាំង ។ ប៉ុន្តែក្នុងចំណោមពូជត្រីអណ្ដែងទាំងនេះ ពូជត្រីអណ្ដែងងាំងកសិករមិនសូវចិញ្ចឹមឡើយ ព្រោះទីផ្សារមិនសូវតម្រូវការ ។ 
វិធីធ្វើអាងចិញ្ចឹម
រៀបចំអាងដែលមានទទឹង ២ម៉ែត្រ បណ្តោយ ៤ម៉ែត្រ កម្ពស់ ១ម៉ែត្រ ដែលអាចដាក់ត្រីបានពី ១៥០-២០០ក្បាល ឬ ប្រើលូ ១សម្រាប់ត្រី ៣០-៥០ក្បាល និងចោះរន្ធសម្រាប់បង្ហូរទឹក។
វិធីដាក់កូនត្រីចិញ្ចឹម
វិធីក្នុងការទិញកូនត្រីអណ្ដែងយកមកចិញ្ចឹម ដំបូងយើងអាចរកទិញកូនត្រីអណ្ដែងទៅចិញ្ចឹម នៅពេលកូនត្រីមានអាយុចាប់ពី ១៤ថ្ងៃ ទៅ ៤៥ថ្ងៃ បន្ទាប់មកយកកូនត្រីទាំងនោះប្រលែងកូនត្រីចូលក្នុងអាងបន្តិចម្ដងៗ ហើយលែងកូនត្រីថ្មមៗ ដើម្បីឱ្យត្រីអាចបន្សាំខ្លួនទៅនឹងទឹកថ្មី ។
ការដាក់ចំណី
មាន ៣ ប្រភេទក្នុងនោះមាន ៖
  • ចំណីធម្មជាតិ ចំណីផ្សំ និងចំណីពីរោងចក្រ។ 
  • ចំណីធម្មជាតិមានដូចជា ពពួកប្លង់តុង បាក់តេរី សត្វស្រទាប់បាត សត្វល្អិត កណ្ដៀរ និង ដឹកដឿជាដើម ។
  • រីឯ ចំណីផ្សំ គឺត្រូវ យកកន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូនត្រី សាច់ក្ដាម ខ្យង ខ្ចៅ លៀស កំពិស និង កាកសំណល់ផ្ទះបាយដូចជា ពោះត្រី ពោះវៀនមាន់ ត្រកួន និងស្ពៃ ។ ប៉ុន្តែបើចង់ឱ្យត្រីឆាប់ធំលឿន ត្រូវផ្ដល់ចំណីមានជាតិប្រូតេអ៊ីនច្រើន ក្នុងនោះគ្រាប់ធញ្ញជាតិ សាច់ បន្លែ ។ បើចង់ឱ្យត្រីមានសាច់ពណ៌លឿងល្អ ត្រូវឱ្យស៊ីកន្ទក់ច្រើន ។
ការថែទាំ
ដើម្បីកាត់បន្ថយការឆ្លងជំងឺផ្សេងៗ យើងត្រូវថែទាំអាងជាប្រចាំ ក្នុងនោះ ពិនិត្យសំណាញ់ជុំវិញអាង រក្សាគុណភាពទឹកឱ្យស្អាតល្អ ។ ដំបូងត្រូវរៀបចំរនាំង ដោយប្រើសំណាញ់ក្រឡាល្អិត ព័ន្ធជុំវិញលើទំនប់អាង ដើម្បីកុំឱ្យសត្វកាចចូលស៊ីត្រី ក្នុងអាង ។
ត្រូវពិនិត្យមើលគុណភាពទឹកអាង ឱ្យនៅពណ៌បៃតងជានិច្ចដើម្បីឱ្យត្រីមានសុខភាពល្អ ។ លើសពីនេះទៅទៀត ត្រូវប្ដូរទឹក ២០ថ្ងៃ ឬ ១ខែម្ដង ដើម្បីជៀសវាងមានក្លិនស្អុយ ។ ប៉ុន្តែនៅពេលបង្ហូរទឹកចេញ ត្រូវចងស្បៃនឹងបំពង់បង្ហូរ ដើម្បីការពារកុំឱ្យត្រីចេញក្រៅ ។
 ត្រីអណ្ដែងមានជំងឺ
ដូចជា មានដំបៅដាច់សាច់ រលាត់ស្បែកឬ ព្រុយ មិនសូវស៊ីចំណី ត្រីមានសភាពក្រហល់ក្រហាយ ត្រីបញ្ចេញទឹករំអិលច្រើន ។ យ៉ាងណាក៏ដោយ ជំងឺទាំងនោះ អាចដោះស្រាយបានយ៉ាងងាយដូចជា បញ្ចូលទឹកស្អាតទៅក្នុងអាងជាប្រចាំ អាងចិញ្ចឹមត្រូវមានពន្លឺគ្រប់គ្រាន់ បន្ថយចំណីត្រីពាក់កណ្ដាល និងដាក់កំបោរកាបូណាត ។
សម្រាប់ការប្រមូលផល
 ប្រមាណ ៣ខែប៉ុណ្ណោះ អាចចាប់លក់ និងបរិភោគបានហើយ ។ របៀបនៃការចាប់ត្រី គឺត្រូវចាប់នៅអាកាសធាតុត្រជាក់ ហើយមិនត្រូវឱ្យចំណី ១ ទៅ ២ថ្ងៃ មុន ។ ដើម្បីជៀសវាងត្រីមានរបួសនៅពេលចាប់ គឺត្រូវបូមទឹកចេញ តែត្រូវប្រើសំណាញ់បង់ ៕

No comments:

Post a Comment